ភ្នំពេញ ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ស្ថិតនៅក្នុងគម្រោងអាទិភាព ដោយរាជរដ្ឋាភិបាលបានផ្ដោតលើការអភិវឌ្ឍវិស័យនេះកាន់តែខ្លាំងនិងច្រើនជាងគេ ជាក់ស្ដែងក្នុងគម្រោងផែនការរបស់រាជរដ្ឋាភិបាលបានបង្ហាញថាកម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់សរុបចំនួន ៩៤គម្រោងដែលមានទឹកប្រាក់សរុប១៣,៦០ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ ស្ដីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ។
តាមរបាយការណ៍ដដែលឱ្យដឹងថា ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់របស់រាជរដ្ឋាភិបាលផ្ដោតលើផ្លូវល្បឿនលឿន ផ្លូវជាតិ និងផ្លូវខេត្ត ក្នុងនោះផ្លូវល្បឿនលឿនមានចំនួន៩គម្រោង ស្មើនឹងទំហំវិនិយោគ ៧,១៧ពាន់លានដុល្លារអាមេរិក និងផ្លូវជាតិ /ផ្លូវខេត្តចំនួន ៨៥គម្រោង ស្មើនឹងទំហំវិនិយោគ ៦,៤២ពាន់លានដុល្លារអាមេរិក ដែលគ្រោងអនុវត្តក្នុងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ ២០២៣-២០២៧ និងរយៈពេលវែង ២០២៨-២០៣៣ ។
ស្ថិតនៅក្នុងចំណោមគម្រោងវិនិយោគរយៈពេលខ្លីនិងមធ្យមចំនួន៣៥គម្រោង មានគម្រោងកំពុងដំណើរការចំនួន ៧គម្រោង ដោយឡែកគម្រោងចំនួន១០ ត្រូវបានបញ្ចប់រួចរាល់ មិនតែប៉ុណ្ណោះ មានគម្រោងចំនួន៦ ដែលគ្រោងនឹងអនុវត្តដែលកំពុងធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព ជ្រើសរើសក្រុមហ៊ុនដេញថ្លៃឬពុំទាន់មានកិច្ចសន្យា រួមមាន ១.គម្រោងផ្លូវថ្មីបាត់ដំបង-សៀមរាប ដែលជាថវិកាខ្ចីពីចិន កំពុងសិក្សាសមិទ្ធិលទ្ធភាព ២. គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប (ថវិកាខ្ចីពីកូរ៉េ )កំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ៣.គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប -ប៉ោយប៉ែត ។ ៤.គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ ភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ( ផ្សាររាត្រី-អរិយក្សត្រ ) ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានបង្កើតនូវក្រុមការងារអនុវត្តគម្រោងរួចរាល់ ៥. គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ៨ និង៦. គម្រោងផ្លូវជាតិលេខ៥០សេ និងស្ពានឆ្លងទន្លេសាប ខេត្តកំពង់ឆ្នាំង-កំពង់ធំ ដែលកំពុងស្ថិតនៅក្នុងការសិក្សាសមិទ្ធិលទ្ធភាពដំបូង ។
គួរបញ្ជាក់ថា ការអភិវឌ្ឍផ្លូវថ្នល់នៅទូទាំងប្រទេសបានហុចផលដល់សេដ្ឋកិច្ចជាតិនិងគ្រួសារជាច្រើន ក្នុងនោះ អាចបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងអាចទាក់ទាញការវិនិយោគ ទៅបោះទីតាំងនៅតាមបណ្ដោយផ្លូវដែលសាងសង់រួចរាល់ បង្កើតការងារដល់ពលរដ្ឋក្នុងតំបន់ និងបណ្ដាខេត្តផ្សេងៗ ជាក់ស្ដែងតំបន់តាមបណ្ដោយផ្លូវជាតិសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា មានការដាក់ទុនវិនិយោគបង្កើតរោងចក្រ សហគ្រាសឧស្សាហកម្មជាច្រើន ព្រមទាំងបង្កើតអាជីវកម្មដល់ពលរដ្ឋដែលស្ថិតនៅក្បែររោងចក្រ សហគ្រាសនោះថែមទៀតផងដែរ ។
