អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានលើកឡើងថា សហរដ្ឋអាមេរិក ជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកម្ពុជា ជាពិសេសគឺសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ហើយកំពុងកើនឡើងក្នុងវិស័យកសិកម្ម ការផលិត ឡូជីស្ទិក និងបច្ចេកវិទ្យា។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងបែបនេះនៅក្នុងឱកាសដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងតំណាងក្រុមហ៊ុនសមាគមជាតិ-អន្តរជាតិ ចូលរួមក្នុងវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក» នាព្រឹកថៃ្ងទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាលាជាតិគយ។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានបញ្ជាក់ថា៖ «វេទិការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជំនួញ បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងពង្រីកឱកាសវិនិយោគជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា»។
អ្នកឧកញ៉ា បានបន្ថែមថា៖ «ក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មប្រកបដោយចីរភាព។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា ជាពិសេសគឺសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ការកើនឡើងក្នុងវិស័យកសិកម្ម ការផលិត ឡូជីស្ទិក និងបច្ចេកវិទ្យា»។
តាមរយៈវេទិកានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តរួមគ្នាក្នុងដោះស្រាយបញ្ហានិងសំណូមពររបស់វិនិយោគិន ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ រក្សាទីផ្សារសហរដ្ឋអាមេរិក និងទាក់ទាញការវិនិយោគ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងអនុលោមភាព។
វេទិការនេះបានប្រព្រឹត្តិទៅក្នុងគោលបំណង៣សំខាន់ៗគឺ៖ ១. ផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្ដិជាធរមានដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក, ២. ដើម្បីបង្ហាញពីកាលានុវត្តភាព និងនិន្នាការវិនិយោគនៅកម្ពុជា និងបង្ហាញអំពី «វិធានការដើមកំណើតនិងវិធានការបង្ការការបន្លំដើមកំណើតទំនិញ» និង «ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម – តុល្យភាពរវាងការថែរក្សាទីផ្សារសហរដ្ឋអាមេរិកនិងការទាក់ទាញវិនិយោគ» ក្នុងគោលបំណងធានាអោយបាននូវសមត្ថភាពនាំចេញមានស្ថិរភាព ការពារការងារ និងស្ដារឡើងវិញនូវទំនុកចិត្តរបស់ធុរជន និងវិនិយោគិននៅកម្ពុជា, និងទី៣. ដើម្បីឆ្លើយតបនឹងការព្រួយបារម្មណ៍របស់វិស័យឯកជន ចំពោះសមត្ថភាពប្រកួតប្រជែង ជាមួយអាត្រាពន្ធថ្មី របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញពីកម្ពុជា និងហានិភ័យនានា ដល់វិស័យឧស្សាហកម្ម និងចង្វាក់ផលិតកម្មឧស្សាហកម្ម និងវិស័យផ្សេងៗមួយចំនួនទៀត ក្នុងទិសដៅសកម្មភាពនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។
សូមជម្រាបថា វេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក» នេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមទាំងការចូលរួមពីតំណាងភាគីពាក់ព័ន្ធពីតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាល សរុបប្រមាណជា៣៤០រូប៕