ភ្នំពេញ ៖ ថ្វីត្បិតថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ព្រលានយន្ដហោះពោធិ៍ចិនតុង ត្រូវបានបិទលែងធ្វើប្រតិបត្តិការ ប៉ុន្តែមិនមែនទុកទីតាំងចោលមិនធ្វើអ្វីនោះទេ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនឹងយកតំបន់នេះធ្វើជាសួនសាធារណៈ និងកន្លែងហាត់ប្រាណដែលបម្រើផលប្រយោជន៍ដល់សាធារណៈជនទូទៅ ។ ជាមួយគ្នានេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា តំបន់ព្រលានយន្តហោះចាស់មួយនេះនឹងកាន់តែជួយលើកមុខមាត់ និងសោភ័ណភាពរាជធានីភ្នំពេញបន្ថែម ប្រសិនបើទីតំាងនេះត្រូវបានអភិវឌ្ឍន៍ជាតំបន់បៃតង ។
បើទោះបីជាព្រលានយន្តហោះត្រូវបានផ្លាស់ប្តូរទីតាំងពីពោធិ៍ចិនតុង ទៅព្រលានថ្មីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ តែក៏មិនធ្វើឱ្យតំបន់ជុំវិញព្រលានយន្តហោះចាស់មានផលប៉ះពាល់អ្វីដែរ ប៉ុន្តែផ្ទុយទៅវិញបើសិនជាកន្លែងនោះត្រូវបានអភិវឌ្ឍទៅជាផ្នែកសំខាន់មួយ ឬក៏ជាតំបន់បៃតង វានឹងកាន់តែលើកមុខមាត់ទីក្រុងភ្នំពេញ និងតំបន់នោះកាន់តែប្រសើរលើសដើម។
ទីតាំងព្រលានយន្តហោះចាស់ នឹងនៅតែមានភាពពេញនិយម មានភាពអ៊ូរអរ មិនស្ងាត់នោះទេ ព្រោះវាជាទីតាំងដែលមានមនុស្សម្នាឆ្លងកាត់ច្រើន ជាក់ស្ដែង បច្ចុប្បន្ននេះ តំបន់នៅតាមផ្លូវជាតិលេខ៣ និងលេខ៤ មានមនុស្សទៅរស់នៅទីនោះច្រើន ហើយត្រូវឡើងមកធ្វើការនៅក្រុងភ្នំពេញ ដែលត្រូវឆ្លងកាត់ទីតាំងព្រលានយន្តហោះចាស់។
គួររម្លឹកថា ក្នុងឱកាសបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ទីតាំងព្រលានយន្តហោះចាស់ នឹងមិនលក់ឱ្យទៅវិស័យឯកជន ឬត្រូវអភិវឌ្ឍន៍អ្វីនោះឡើយ ។ អតីតព្រលានយន្តហោះនេះ នឹងត្រូវទុកជាពីសបម្រុង ក្នុងករណីអាកាសយានដ្ឋានអន្តរជាតិថ្មីមិនអាចចុះចតបាន ឬមមាញឹក ហើយមានយន្តហោះត្រូវចុះចតបន្ទាន់ ដូច្នេះអាចចុះចតនៅអាកាសយានដ្ឋានអន្តរជាតិចាស់បាន ។
សម្ដេចធិបតីបន្តថា ក្រៅពីការរក្សាទុកមួយផ្នែកជាពីសបម្រុង អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវអភិវឌ្ឍន៍ជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋក្រុងភ្នំពេញប្រើប្រាស់ ដោយសម្ដេចបានពិនិត្យមើលនៅទីតាំងនោះ គឺស័ក្តិសមសម្រាប់ជាទីតាំងផាសុកភាពសម្រាប់ពលរដ្ឋនៅក្រុងភ្នំពេញ ពីព្រោះថាពលរដ្ឋក្រុងភ្នំពេញមិនខុសពីពលរដ្ឋប្រទេសរីកចម្រើននោះទេ គឺត្រូវការរកកន្លែងណាដែលមានផាសុកភាពសម្រាប់លំហែពេលទំនេរ ។ ជាក់ស្ដែង ការបើកដំណើរការផ្លូវថ្មើជើងមាត់ទន្លេ មានការគាំទ្រពីពលរដ្ឋ និងមានពលរដ្ឋទៅដើរកម្សាន្តច្រើនកុះករ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំនាញដែលពាក់ព័ន្ធកំពុងរៀបចំគិតគូរដាំដើមឈើដែលនឹងត្រូវជ្រើសរើសយកទៅដាំដែលមិនប៉ះពាល់ដល់ពីសរត់របស់យន្តហោះ ហើយពេលអនាគត អាចបើកឱ្យពលរដ្ឋចូលលេង ធ្វើជាកន្លែងពិចនិក សម្រាកលំហែក្នុងពេលទំនេរៗ ។ ដោយឡែកសម្រាប់ចំណតយន្តហោះ អាចធ្វើជាកន្លែងប្រគុំតន្ត្រីម្ដងម្កាលដោយអាចជំនួសតំបន់កោះពេជ្របាន ដូច្នេះគេអាចរៀបចំនៅកោះពេជ្រផង នៅទីតាំងអតីតព្រលានយន្តហោះចាស់បានផងដែរ ៕