ភ្នំពេញ ៖ ការរៀបចំទីក្រុងឱ្យមានរបៀប រៀបរយ និងសណ្ដាប់ធ្នាប់ល្អ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាជន ហើយបើសិនជាការរៀបចំទីក្រុងបានត្រឹមត្រូវនឹងជួយលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជនកាន់តែប្រសើរ កាត់បន្ថយ ជំងឺកាត់បន្ថយបញ្ហាក្នុងសង្គម ដូចជា ជនអនាថា និងគ្រឿង ញៀន ជាដើម ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា នៅលើពិភពលោកនេះ ការរៀបចំក្រុងបានត្រឹមត្រូវ នឹងអាចកាត់បន្ថយបាននូវអត្រានៃអ្នកប្រើ ប្រាស់គ្រឿងញៀន កាត់បន្ថយជំងឺមិនឆ្លង ជាពិសេស ជំងឺទឹកនោមផ្អែម អ្នកធាត់ អំពើ ឆក់ប្លន់ ក៏នឹងត្រូវថយចុះដែរ ។
ឯកឧត្តមបន្តថា ៖ ការរៀបចំទីក្រុងបានត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ គឺទាក់ទិននឹងការ រៀបចំឱ្យមានលំហសាធារណៈ ហើយក្រុង ដែលរៀបចំដោយមិនមានលំហសាធារណៈ នឹងបង្កឱ្យពលរដ្ឋមានជំងឺច្រើន អ្នកប្រើប្រាស់ គ្រឿងញៀនច្រើន មានករណីបៀតបៀន និងអំពើ ហិង្សារច្រើន ដូច្នេះហើយទើបក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវ បង្ខំដោះស្រាយអគារមិនរៀបរយ អគារចាស់ទ្រុឌទ្រោម។
ឯកឧត្តម បន្ថែមថា ៖
«ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារមិនរៀបរយ អគារចាស់ទ្រុឌទ្រោម ភាគច្រើនជាមនុស្សដែលត្រូវបានគេបំភ្លេចចោល ហើយ អ្នកទាំង នោះ យូរៗទៅនឹងមានគំនិត ជ្រុល និយម ពីព្រោះអ្នកទាំងនោះក៏ពិបាកនឹងជៀសផុតពីគ្រឿងញៀន បៀតបៀន និងហិង្សារនោះដែរ ។ សង្គមយើង បើសិនជា រៀបចំក្រុងឱ្យនៅមានអ្នកជ្រុលនិយម ការកាន់អំណាចនឹងមានបញ្ហា ។ ក្នុងន័យនេះ មិនសំដៅដល់ការកាន់អំណាចដើម្បីតែកាន់ អំណាចទេ តែយើងត្រូវកាន់អំណាចដើម្បីឱ្យស្រុកទេសរុងរឿង ហើយ បច្ចុប្បន្នក៏មិនមាន បក្សណាដែលដឹកនាំល្អជាងបក្សប្រជាជនដែរ» ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំក្រុងបានល្អ មានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ក្រសួងរៀបចំដែនដី ក៏ត្រូវការមានកិច្ចសហការពីក្រសួងស្ថាប័នផ្សេងទៀត ដូចជា ក្រសួងមហាផ្ទៃ ក៏ត្រូវ មានការយល់ពីគ្នាច្បាស់ ហើយត្រូវធ្វើយ៉ាងណាឱ្យគ្រប់ទីក្រុងទាំងអស់ជាក្រុងដែល ងាយស្រួលរស់នៅ ទោះបីជាម្ចាស់ផ្ទះអត់នៅផ្ទះមិនចាក់សោរ ផ្ទះក៏មិនមានបញ្ហា ។
ឯកឧត្តម បញ្ជាក់បន្ថែមថា ការរៀបចំក្រុង គឺដើម្បីឱ្យមានមនុស្សរស់នៅដោយមិនចង់ឱ្យមានអគារ តែគ្មានមនុស្សរស់នៅ ។ ជាក់ស្ដែង ក្រុងបាត់ដំបង និងក្រុងភ្នំពេញ នៅមានអគារមួយចំនួនដែលសង់រួចតែមិនមានមនុស្សរស់នៅ ដូច្នេះ នៅថ្ងៃអនាគត គឺចង់ឱ្យសាងសង់ ឬវិនិយោគអគារ ឱ្យសមល្មមនឹងចំនួនត្រូវការ ដោយមិនចង់ឱ្យមានផ្ទះ មានអគារ តែអត់មនុស្សនៅ ។
គួររម្លឹកថាកន្លងមក ក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញអ្នក ជំនាញមកពីទីក្រុងល្បីៗនៅអាស៊ី ដូចជា ទីក្រុង ហុងកុង ទីក្រុងសិង្ហបុរី ដើម្បីចែក រំលែក ពីការរៀបចំក្រុងពីព្រោះថា ក្រុងទាំងនោះជាក្រុងដែលបានរៀបចំបានស្អាតល្អ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយ មិនរញ៉េរញ៉ាំ ទោះបីជាក្រុងទាំងនោះមានមនុស្សរស់នៅច្រើនក្ដី ។
ដោយឡែក សម្រាប់ កម្ពុជា មានក្រុង មួយចំនួនហើយដែលត្រូវបានរៀបចំ និង ដើម្បីសុខុមាលភាពរបស់ពលរដ្ឋ ដូចជា មានផ្លូវ ថ្មើជើង ផ្លូវជិះកង់ និងកន្លែង ហាត់ប្រាណ មានសួន ច្បារ មានលំហសាធារណៈ ដូចជា ក្រុង សៀមរាប ក្រុង ព្រះសីហនុ ហើយថ្មីៗនេះដែរ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បាន ប្រកាស ថានឹ ងរៀបចំសួន ច្បារ សាធារណៈចំនួន ២ទៀត គឺនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង នៅតំបន់ កប់ស្រូវ ប៉ែក ខាងលិចរាជធានីភ្នំពេញ ៕