ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥ នេះ វិស័យ សំណង់ បានស្រូបទាញ និងរួមចំណែកទុនវិនិយោគថ្មីក្នុងសេដ្ឋកិច្ចប្រមាណ ៧,៣ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ១៨ លានម៉េត្រការ៉េ ។ នេះបើយោងតាម របាយការណ៍របស់ក្រសួង រៀបចំដែនដីនគរូប នីយកម្ម និងសំណង់ ក្នុងសន្និបាតបូកសរុបការងារឆ្នា២០២៥ កន្លងទៅនេះ។

យោងតាមរបាយការណ៍ដដែលនេះ បានបង្ហាញថា ការ ចេញលិខិត អនុញ្ញាត សាងសង់ សំណង់ទូទាំងប្រទេស ក្នុងឆ្នាំ២០២៥ បើធៀបនឹង ឆ្នាំ២០២៤ កន្លងទៅ មានការ កើនឡើង ៦៨,៨៩ ភាគរយ ។ បើគិត ចាប់តាំងពីឆ្នាំ ២០០០ រហូតដល់ ដំណាច់ ឆ្នាំ ២០២៥ នេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិត អនុញ្ញាត សាងសង់ ទូទាំង ប្រទេសសរុប ៧១ ៨២០គម្រោង គិតជាទឹកប្រាក់ វិនិយោគ មានប្រមាណ ៨៧ ៦៩៦លានដុល្លារអាមេរិក ។

បើតាមទិន្នន័យរបស់ ក្រសួ ងបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ក្រសួង បានចេញលិខិត អនុញ្ញាត សាងសង់ លើ គម្រោងអគារ ខ្ពស់ ៗ ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ២២៨ គម្រោង ស្មើនឹង ២៨៨ អគារ សំណង់ លំនៅឋាន មានចំនួន ២ ៧២៤ គម្រោង មានទុនវិនិយោគ ប្រមាណ ២ ៥១២លានដុល្លារអាមេរិក សណ្ឋាគារ មាន ចំនួន ២៥គម្រោង មានទុនវិនិយោគ ប្រមាណ ២៧១ លានដុល្លារអាមេរិក សំណង់ អគារ ពាណិជ្ជកម្ម ចំនួន ១៨៩ គម្រោង មានទុនវិនិយោគ ៧៩៤លានដុល្លារអាមេរិក សំណង់ រោងចក្រ មានចំនួន ២៣៤ គម្រោង មានទុនវិនិយោគ ២២៩ លានដុល្លារអាមេរិក និង សំណង់អគារ ពហុមុខងារ មានចំនួន ៣៧គម្រោង មានទឹកប្រាក់ ប្រមាណ ៤៦៨លានដុល្លារអាមេរិក ។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ គិតត្រឹមឆ្នាំ ២០២៥ នេះ គម្រោងអគារ ខ្ពស់ៗ ចាប់ពីជាន់ទី៥ឡើងទៅ មានចំនួន ៣ ២៥៤ អគារ ក្នុងនោះអគារខ្ពស់ចាប់ពីជាន់ទី៥ ដល់ ៩ ជាន់ មានចំនួន ១ ៩០៥អគារ កម្ពស់ចាប់ពីជាន់ទី១០ ដល់ ១៩ មានចំនួន ៨៥១អគារ កម្ពស់ចាប់ពី ២០ជាន់ ដល់ ២៩ជាន់ មានចំនួន ២៧៧អគារ កម្ពស់ចាប់ពី ៣០ ដល់ ៣៩ជាន់មានចំនួន ១៥៦អគារ និងកម្ពស់ចាប់ពី៤០ជាន់ឡើងទៅ មានចំនួន ៦៥ អគារ ៕