ភ្នំពេញ ៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងជំរុញទីផ្សារវិស័យអចលនទ្រព្យឱ្យកាន់តែមានភាពរីកចម្រើន និងមមាញឹកជាងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានសម្រេចបន្តពន្យារពេលក្នុងការអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែមករា ឆ្នាំ២០២៦នេះបានឱ្យដឹងថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ ១២៧៩២ ស ហ វ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល១ឆ្នាំទៀត ។ ដូច្នេះ ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ តទៅ ។
តាមសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នេះទៅ ។
អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ នៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយបន្តជួបបញ្ហាប្រឈមទាំងកត្តាខាងក្នុង និងខាងក្រៅ ដូច្នេះ សេចក្ដីសម្រេចពន្យារការអនុវត្តពន្ធលើចំណេញមូលធនគឺជារឿងសមស្របមួយ ។ ដូច្នេះ សេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលគឺជារឿងដែលសមស្របបំផុត ហើយក៏ជាការចូលរួមជួយឱ្យវិស័យមួយនេះមានសកម្មភាពជាងពេលបច្ចុប្បន្នផងដែរ៕