ភ្នំពេញ ៖ តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្តធ្លាក់ចុះបន្ថែមទៀតនៅដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង តំបន់ដែលធ្លាប់តែមានតម្លៃខ្ពស់លើស ១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ បានធ្លាក់មកនៅក្រោម ១ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ ។ នេះបើតាមតារាងតម្លៃដីតាមបណ្ដាខណ្ឌរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។
យោងតាមការវាយតម្លៃរបស់សមាគមបានបង្ហាញឱ្យឃើញថា ខណ្ឌដូចពេញ នៅតែចាតំបន់ដែលមានតម្លៃខ្ពស់ជាងគេក្នុងចំណោមបណ្ដាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយទីតាំងដីខ្លះក្នុងខណ្ឌដូនពេញអាចមានតម្លៃរហូតដល់១ម៉ឺនដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។ ជាក់ស្ដែងតំបន់ក្នុងសង្កាត់ចំនួន៣ គឺផ្សារថ្មីទី១ ទី២ និងទី៣ អាចមានតម្លៃដល់ ១០ ៤០០ដុល្លារអាម៉េរិកក្នុងមួយម៉ែតការ៉េ ហើយផ្សារកណ្ដាលក៏មានតម្លៃខ្ពស់រហូតដល់ ៩ ៦០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ។
យ៉ាងណាក៏ដោយ ទោះបីជាតំបន់ទាំងនេះមានតម្លៃខ្ពស់ជាងគេនាពេលបច្ចុប្បន្ន ប៉ុន្តែបើប្រៀបធៀបនឹងដើមឆ្នាំ២០២៥កន្លងទៅ ហាងឆេងដីមានការថយចុះបន្តិច តួយ៉ាងកាលពីដើមឆ្នាំ២០២៥ តម្លៃនៅខណ្ឌដូនពេញ ១ម៉ឺន ១ពាន់ដុល្លារអាម៉េរិកក្នុងមួយការ៉េ គឺតំបន់ផ្សារថ្មីទី១ ទី២ និងទី៣ ខណៈតំបន់ផ្សារកណ្ដាលកាលដើមឆ្នាំ២០២៥ អាចមានតម្លៃ ១០ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។
ដោយឡែក ដីនៅតាមតំបន់សំខាន់ផ្សេងក្នុងរាជធានីភ្នំពេញ ដូចជា បឹងកេងកង ក៏មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងដើមឆ្នាំ២០២៥។ កាលដើមឆ្នាំ២០២៥ ដីនៅក្នុងសង្កាត់បឹងកេងកងទី១ អាចមានតម្លៃខ្ពស់បំផុត ៨ ៣០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ចុងឆ្នាំ២០២៥កន្លងទៅ បានធ្លាក់មកនៅត្រឹម ៧ ៨០០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ៕