ភ្នំពេញ ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (CABS) ឆ្នាំ២០២៦ ត្រូវបានបើកដំណើរនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល អ្នកធ្វើគោលនយោបាយក្នុងតំបន់ និងនាយកប្រតិបត្តិអាជីវកម្មជាច្រើនរូប។ កិច្ចប្រជុំកំពូលនេះទៀតសោត ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មួយជួយជំរុញការតភ្ជាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ចនៅទូទាំងអាស៊ីអាគ្នេយ៍បន្ថែម។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះគឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់។

សម្តេចធិបតី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាបានឱបក្រសោបគំរូនៃ “យុទ្ធសាស្ត្របើកចំហ” ដែលមានគោលបំណងអភិវឌ្ឍខ្លួនជាមជ្ឈមណ្ឌលឌីជីថល និងឧស្សាហកម្មរីកចម្រើននៅក្នុងតំបន់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាក្នុងការសម្រេចឱ្យបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ប្រកបនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។
សម្តេចធិបតី បានមានប្រសាសន៍ថា ៖
«ប្រទេសកម្ពុជា មិនត្រឹមតែចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតសេដ្ឋកិច្ចក្នុងតំបន់ ដែលមានការតភ្ជាប់ និងឯកភាពគ្នាកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ ភាពធន់ និងការប្រកួតប្រជែងឥឡូវនេះគឺជាចំណុចកណ្តាលនៃគោលនយោបាយជាតិក្នុងពេលសេដ្ឋកិច្ចពិភពលោកផ្តោតលើឌីជីថល និងនិរន្តរភាពកាន់តែខ្លាំងឡើង»។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះត្រូវបានប្រារព្ធឡើង នៅចំពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា។
ទន្ទឹមនេះ អ្នកឧកញ៉ា គិត ម៉េង បានចង្អុលបង្ហាញពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង ក្នុងចំណោមប្រទេសមហាអំណាច វិធានការពន្ធឯកតោភាគី និងសកម្មភាពសងសឹក ក៏ដូចជាជម្លោះភូមិសាស្ត្រនយោបាយកាន់តែកើនឡើង ដែលទាំងអស់នេះប្រឈមនឹងហានិភ័យនៃការបែកបាក់ពាណិជ្ជកម្មសកល និងប៉ះពាល់ដល់ទស្សនវិស័យរបស់អាស៊ាន។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងដូច្នេះថា ៖
«ភារកិច្ចរួមរបស់យើង គឺរក្សាអាស៊ានជាកម្លាំងស្ថិរភាពមួយ កម្លាំងមួយដែលជំរុញការសន្ទនា រក្សាទីផ្សារឱ្យភ្ជាប់គ្នា និងធានាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ទោះបីជាមានឧបសគ្គទូទាំងពិភពលោកក៏ដោយ អាស៊ាននៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានភាពស្វាហាប់បំផុតរបស់ពិភពលោក ហើយត្រូវបានព្យាករថានឹងក្លាយជាសេដ្ឋកិច្ចពិភពលោកធំជាងគេទីបួននៅឆ្នាំ ២០៣០»។
បន្ថែមពីនេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងការបន្តអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ អាស៊ានកំពុងផ្លាស់ប្តូរការធ្វើសមាហរណកម្មក្នុងតំបន់ពីការប្តេជ្ញាចិត្តនៅលើក្រដាស ទៅជាការធ្វើសកម្មភាពជាក់ស្តែងនៃខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយដៃគូសំខាន់ៗ រួមមាន ជប៉ុន សាធារណរដ្ឋកូរ៉េ ចិន អូស្ត្រាលី និងនូវែលសេឡង់។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងប្រមាណ ៥ ភាគរយនៅឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំង មិនត្រឹមតែការងើបឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកផលិតកម្មម្លៃខ្ពស់ ដូចជា គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០ ពាន់លានដុល្លារដែលផ្តោតលើការធ្វើទំនើបកម្ម និងការប្រកួតប្រជែង កម្ពុជាកំពុងពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ខណៈពេលដែលកំពុងពង្រឹងកំណែទម្រង់ឌីជីថល៕