កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូត ដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះ មានទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទី ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តនិងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។
គម្រោងនេះ រួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន ៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវ ចំនួន ៤៨កន្លែង និងលូតាមប្រឡាយផ្លូវ ចំនួន ៨កន្លែងប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន ៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះ គម្រោងនេះ ក៏មានការស្ថាបនារង្វង់ មូល១កន្លែង នៅត្រង់ចំណុចផ្លូវ ប្រសព្វទិស ចុះពីស្ពានកោះធំ ដើម្បី សម្រួល និងបញ្ចៀសទិសដៅ ចរាចរណ៍ទៅមក ប្រកបដោយសុវត្ថិភាព៕
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕