ភ្នំពេញ ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី០៧ ខេឧសភា​ ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរួម វេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់ តាមរយៈការថែទាំវិនិយោគ ប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា រួមទាំងមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីវិស័យឯកជន និងស្ថាប័ន្ធពាក់ព័ន្ធជាច្រើនរូបទៀត។គោលបំណងនៃវេទិកាវិនិយោគកម្ពុជានេះគឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជនអំពីបច្ចុប្បន្នភាពថ្មីនៃការផ្តល់កិច្ចសម្រួលវិនិយោគ, សាមញ្ញកម្មនីតិវិធី, និងបទប្បញ្ញត្តិពាក់ព័ន្ធនានា សំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើប្រតិបត្តិការវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

វេទិការនេះប្រព្រឹត្តទៅក្នុង រយៈពេល ១ថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស មកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ចែករំលែក និងពិភាក្សាជុំវិញប្រធានបទគន្លឹះៗមានជាអាទិ៍៖ បរិយាកាស វិនិយោគ និងការសម្របសម្រួលគោលនយោបាយនានា, កិច្ចសម្រួលដល់ដំណើរការចុះបញ្ជីពាណិជ្ជកម្ម និងលិខិតអនុញ្ញាតការងារ, កិច្ចសម្រួលដល់ក្របខណ្ឌច្បាប់សាងសង់ និងបរិស្ថាន និងការបង្កើនភាពអាចប៉ាន់ប្រមាណបាននូវនីតិវិធីពន្ធដារ និងពន្ធគយ ជាដើម ដែលសុទ្ធសឹងតែជាប្រធានបទសំខាន់ៗដែលវិនិយោគិនចង់ស្វែងយល់ ជាពិសេសពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលថ្មីៗ គម្រោងនាពេលអនាគតរបស់រាជរដ្ឋាភិបាលក្នុង ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាផងដែរ៕