ភ្នំពេញ ៖ ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់បានល្អប្រសើរឡើងក្ដី ប៉ុន្តែចំពោះសកម្មភាពនៃការវិនិយោគនៅតាមបណ្ដាប្រទេសមួយចំនួនហាក់កម្រើកឡើងវិញជាបណ្តើរៗ ជាក់ស្ដែងក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤កន្លងទៅនេះ សម្រាប់តែកម្ពុជា ទទួលបានទុនវិនិយោគប្រមាណ ២៦០០លានដុល្លារអាមេរិកក្នុងវិស័យសំណង់។ នេះបើតាមប្រសាសន៍ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃដើមសប្ដាហ៍នេះ។
ឯកឧត្តម លាង មុនីរិទ្ធ បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក នៅពុំទាន់ប្រសើរឡើងវិញដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែទុនវិនិយោគក្នុងសំណង់អគារ រយៈពេល៦ខែដើមឆ្នាំ ២០២៤នេះ កម្ពុជាទទួលបានប្រមាណ ២,៤ពាន់លានដុល្លារអាមេរិក ដែលជាសញ្ញាបង្ហាញថា វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៩០គម្រោង ដែលទឹកប្រាក់ចំនួន ៣,២ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ ឃើញថាមានគម្រោងវិនិយោគតែចំនួន ១១៣គម្រោងប៉ុណ្ណោះ នឹងមានទឹកប្រាក់វិនិយោកចំនួន ១ ១៩៥លានដុល្លារអាមេរិក ដែលសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគខ្ពស់ជាងឆ្នាំមុន ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គម្រោងសំណង់អគារដែលធំជាងគេ គឺគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារអាមេរិក ។ គម្រោងនេះ អាចបង្កើតការងារបានរហូតដល់ ៣ ៨៦០នាក់ឯណោះ ។
ដោយឡែក គម្រោងសំណង់អគារខ្ពស់ៗ ក្នុងឆ្នាំ២០២៤នេះ ជាការកត់សម្គាល់មិនមានគម្រោងថ្មីៗនោះទេ ដោយសារតែកត្តាការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ ដូច្នេះវាត្រូវការពេលវេលាដើម្បីរកទីផ្សារសម្រាប់អគារដែលបានផ្គត់ផ្គង់កាលពីពេលកន្លងទៅនេះ ជាពិសេសនៅមុនការរីករាលដាលនៃជំងឹកូវីដ១៩ ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា កម្ពុជាត្រូវការពេលវេលាបន្ថែម ដើម្បីស្ដារវិស័យអចលនទ្រព្យឱ្យវិលត្រលប់ទៅរកប្រក្រតីភាពដូចមុនវិបត្តិកុវីដ១៩ ។ បើតាមលោក សន សៀប វិស័យអលចនទ្រព្យកម្ពុជាអាចនឹងវិលទៅរកស្ថានភាពដូចមុនវិបត្តិកូវីដ១៩វិញ ក្នុងអំឡុងឆ្នាំ២០២៨ ប៉ុន្តែក្នុងអំឡុងពេលនេះ អ្នកវិនិយោគក៏ដូចជាម្ចាស់អចលនទ្រព្យគួររកវិធីសាស្ត្រធ្វើឱ្យអចលនទ្រព្យអាចផ្ដល់ចំណូលជាជាងទុកចោលអត់មានចំណូល និងពុកអគារចោល ៕