ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យអ្នកសាងសង់ និងពាក់ព័ន្ធក្នុងវិស័យសំណង់ ត្រូវគិតគូរពីផលប៉ះពាល់ដែលអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដើម្បីជៀសវាងការខាត់បង់សេដ្ឋកិច្ចនៅពេលអនាគត ។
មានប្រសាសន៍នៅក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្ដីពីការអនុវត្តគំនិតផ្ដួចផ្ដើមកាតាលីករសកលសម្រាប់ជំរុញវឌ្ឍនភាពប្រកបដោយសមធម៌ក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ក៏បានបំផុសគំនិតដល់សិក្ខាកាមទាំងអស់ត្រូវមានការយល់ដឹងពីការប្រែប្រួលអាកាសធាតុដែលអាចមានផលប៉ះពាល់ទៅលើការកសាងសំណង់ផ្សេងៗ និងរកវិធីសាស្ត្រកែច្នៃសំណង់ទាំងនោះធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ទៅថ្ងៃមុខពីការប្រែប្រួលអាកាសធាតុ និងជៀសវាងកុំឱ្យមានការប្រឈមនូវការខាតបង់ផ្នែកសេដ្ឋកិច្ចផងដែរ ។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
«នេះជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ ជាពេលវេលាដែលត្រូវកំណត់ពីអនាគតរបស់យើងស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវប្រើប្រាស់ឱកាសនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព»។
ឯកឧត្តមក៏បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ ពីព្រោះមានការចូលរួមពីថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីន ដោយឯកឧត្តមរំពឹងទុកថា ក្រសួងនឹងមានការឯកភាពគ្នាទៅលើអ្វីដែលនឹងសហការអនុវត្តលើចំណុចរួមដែលកម្ពុជាគួរបោះជំហានឱ្យបានត្រឹមត្រូវនាពេលខាងមុខនេះ។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា រជ្ជកាលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជារជ្ជកាលដែលកម្ពុជានឹងប្រែក្លាយទៅជារដ្ឋទំនើបមួយ ហើយអាយុជីវិតជាតិរបស់កម្ពុជានឹងនៅគង់វង្សជារៀងរហូត ប៉ុន្តែលុះត្រាតែយើងទាំងអស់គ្នាត្រូវរួមគ្នាគិតឱ្យបានត្រឹមត្រូវ ក្នុងនោះចំពោះវិស័យឧស្សាហកម្មសំណង់ត្រូវគិតគូរអំពីការរក្សាសិទ្ធិរបស់កម្មករសំណង់ ដោយត្រូវមានថវិកាជាមូលនិធិមួយសម្រាប់ជួយដល់ពួកគាត់ និងត្រូវគិតគូរធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងកូនចៅរបស់ពួកគាត់បានទទួលការសិក្សាអប់រំគ្រប់ៗគ្នា ទទួលបានការលំហែ និងសុភមង្គលក្នុងគ្រួសារ ហើយការកសាងសំណង់អគារ រឺលំនៅឋានផ្សេងៗ ត្រូវតែគិតគូរពីតម្លៃសមស្រប និងមានអត្រាការប្រាក់សមរម្យដែលអាចឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញ និងចូលរស់នៅបានងាយស្រួល ៕

