ព្រះសីហនុ ៖ ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនបណ្ដាក់ទុនវិនិយោគលើអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទីទី២៣ ខែមេសា ឆ្នាំ២០២៥ ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា រាជរដ្ឋាភិបាលបានសម្រេចបន្តការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្ដី ។
សេចក្ដីជូនដំណឹងបន្តថា ការផ្ដល់នេះមានវិសាលភាពគ្របដណ្ដប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធិពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ ចមពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួលបានការសម្រួល និងលើកទឹកចិត្តផ្សេងៗទៀត ព្រមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ ។
កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីដើមឆ្នាំ២០២៤ ហើយតាមរយៈកម្មវិធីនេះដែរ មានគម្រោងជាច្រើនបានដាក់ពាក្យស្នើសុំលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងមានគម្រោងជាច្រើនត្រូវបានលើកទឹកចិត្តផ្នែកពន្ធនិងផ្នែកផ្សេងទៀតពីរាជរដ្ឋាភិបាល ។ ដើម្បីជំរុញឱ្យការវិនិយោគនូវអគារជាប់គាំងក្នុងខេត្តព្រះសីហនុដំណើរការល្អប្រសើរនិងបានលឿនឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះ រហូតដល់ដាច់ឆ្នាំ ២០២៨តែម្ដង ។
ចាប់តាំងពីដើមឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានប្រជុំ និងពិនិត្យគម្រោងវិនិយោគដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដោយបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤២គម្រោង ក្នុងនោះក៏មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៥ផងដែរ ។ ក្រៅពីនេះមាន គម្រោងថ្មីចំនួន ១២ ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។
បើតាមផែនការមេរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានបង្ហាញថា ក្នុងរយៈពេល១៥ឆ្នាំខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងទាក់ទាញទុនវិនិយោគមកបណ្ដាក់វិនិយោគនៅក្នុងខេត្តព្រះសីហនុឱ្យបាន២០ពាន់លានដុល្លារអាមេរិក ក្នុងនោះ មានវិស័យឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលភស្តុភារកម្ម ៕
