ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមសាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។

ថ្លែងក្នុងពិធីជួបជុំសាស្ត្រាចារ្យ អាណាព្យាបាលនិងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) យល់ឃើញថា ដើម្បីហាត់ពត់នូវផ្នត់គំនិតរបស់មនុស្ស រឺក៏ដុសខាត់នូវការគិតគូររបស់មនុស្សគឺត្រូវផ្តើមចេញពីសាលារៀន ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានមានប្រសាសន៍ថា នេះជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយការងារនេះត្រូវផ្តើមចេញពីការងារតូចៗទៅ។ ការជួបជុំគ្នានាពេលនេះគឺដើម្បីសាកល្បងរួមគ្នាគិត និងឯកភាពគ្នាដើម្បីអាចធ្វើការជាមួយគ្នាបាននិងរួមគ្នាផលិតឱ្យបាននូវគំនិតថ្មីៗជាឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្តម សាយ សំអាល់ បានណែនាំនិងជំរុញឱ្យយុវជនស.ស.យ.ក ចូលរួមផ្ដល់គំនិតមតិយោបល់ ដើម្បីបង្ហាញថា ស.ស.យ.កពិតជាបានចូលរួមក្នុងការដោះស្រាយលើវិស័យអប់រំពិតប្រាកដមែន ដែលនេះហើយគឺជាបេសកកម្មដ៏ធំបំផុតរបស់ស.ស.យ.ក គឺការចូលរួមកសាងឬរៀបចំវិស័យអប់រំឱ្យបានត្រឹមត្រូវនិងទាន់សភាពការណ៍ ដោយសារនៅពេលខាងមុខយើងទាំងអស់គ្នាមិនអាចដឹងមុនបានថានឹងមានអ្វីកើតឡើងនោះទេដូច្នេះយើងត្រូវរៀបចំថ្នាលបណ្ដុះបណ្ដាលមនុស្សឱ្យមានសមត្ថភាពពិតប្រាកដ ឱ្យមានភាពឆ្លាតវាងវៃនិងពោរពេញទៅដោយបំណិនជីវិត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការរៀបចំពិធីជួបជុំនៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលនេះ ព្រោះសាកលវិទ្យាល័យនេះមានទាំងបច្ចេកទេសអនុវត្តផ្ទាល់និងទ្រឹស្ដីជាមួយគ្នា ដែលឯកឧត្តមយល់ឃើញថានេះគឺជានិមិត្តរូបនៃការចង់រស់រានឡើងវិញរបស់ប្រជាជាតិខ្មែរ។ ឯកឧត្តម បានលើកឡើងថា តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩មក សម្ដេចតេជោ ហ៊ុន សែន ដែលដៃម្ខាងទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលមកវិញ និងដៃម្ខាងទៀតខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញ ក្នុងនោះវិស័យដែលត្រូវបានស្ដារមុនគេគឺវិស័យអប់រំដោយចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ។ បច្ចប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននឹងកំពុងតែបើកទំព័រថ្មីសម្រាប់កម្ពុជា ធ្វើឱ្យកម្ពុជាប្រែមុខមាត់ថ្មីដោយផ្ដោតសំខាន់លើគុណភាពធនធានមនុស្ស។

ស្របទៅនឹងគោលដៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។
ក្នុងនោះក្រសួងបានជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងជាសាកលវិទ្យាល័យគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹងឈានទៅរៀបចំនៅតាមបណ្តាសាកលវិទ្យាល័យឬវិទ្យាស្ថានអប់រំដទៃទៀត ដើម្បីចូលរួមកសាងរៀបចំឱ្យបានត្រឹមត្រូវនូវថ្នាលបណ្តុះបណ្តាលមួយដ៍វាងវៃ ឆា្លតវៃ និងពោរពេញដោយភាពដុះលូតលាស់ ប្រកបដោយគុណភាព។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាថ្នាលបណ្ដុះបណ្ដាលដ៏ធំមួយ ជាកន្លែងដែលយើងត្រូវឆ្លាក់ដួងព្រលឹងជាតិពីព្រោះទីនេះជាកន្លែងដែលផលិតបាននូវធនធានមនុស្សពោរពេញដោយសមត្ថភាពបានយ៉ាងច្រើនសំរាប់អភិវឌ្ឍប្រទេសជាតិ ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានផ្តល់មតិយោបល់១ចំនួនដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីផ្លាស់ប្តូរផ្នត់គំនិតថ្មីក្នុងនោះជំហានទី១ ត្រូវពត់ផ្នត់គំនិតមនុស្សតាមរបត់១, មើលថែទាំមែកឈើដែលដុះមកត្រូវកាត់តម្រឹមអោយមានសោភណ្ឌភាព,និងដាំដើមឈើបន្ថែម, ទី២: ត្រូវរៀបចំទីតាំងចតម៉ូតូនិងរថយន្តអោយបានត្រឹមត្រូវនិងមានរបៀបរៀបរយ , រៀបចំផ្លូវដើរជុំវិញសាកលវិទ្យាល័យនិងផ្លូវចេញចូលឱ្យបានត្រឹមត្រូវដើម្បីបង្ការកុំឱ្យមានហានិភ័យសំរាប់និស្សិត នោះសាកលវិទ្យាល័យនឹងមានការប្រែមុខមាត់ថ្មី ហើយការសិក្សារបស់និស្សិតក៏នឹងមានការរីកចំរើនថែមមួយកម្រិតទៀតផងដែរ៕