ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែ​នាំដល់ថ្នាក់​​ដឹកនាំក្រសួង និង​ក្រុមការងារ ដែលពាក់ព័ន្ធឱ្យពង្រី​ក​ការ​​​គិ​ត​គូរ​ប​ន្ថែ​ម​ទៀ​ត​លើ​កា​រងារសម្បទានដីដោយមិនគ្រាន់តែជាការចែកដីធ្លីតាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាកា​រ​ជួ​យ​លើ​ក​ស្ទួយ​ក​ម្រិត​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។

នៅក្នុងកិច្ចប្រជុំណែនាំការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច និងការរៀបចំកែលម្អឆ្នេរសមុទ្រ ដែល​បានធ្វើ​ឡើ​ង​នៅទី​ស្ដី​ការក្រសួង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិសាលភាពនៃការងាររបស់ក្រសួងរៀបចំដែនដី គឺមានទំ​ហំ​ធំធេង ហើយការងារដែលធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្នគឺកាន់តែមានទំហំធំធេងជាងមុនទៅទៀត ដូ​ច្នេះ​សូមកុំគិតត្រឹមតែការងារស្នូលតែ១ជ្រុង ប៉ុន្តែត្រូវពង្រីកការគិតគូរបន្ថែមទៀតដើម្បីជំរុញកិច្ចអភិវឌ្ឍ លើ​កស្ទួយ​គុណភាពជីវិតរបស់មនុស្ស ក៏ដូចជាលើកកម្ព​ស់ជីវ​ភាព​រស់​នៅ​រ​បស់​ប្រ​​ជាព​ល​​រដ្ឋ​ឱ្យ​ប្រ​សើរ​ឡើង​ផង​ដែរ ។

ទាក់ទិននឹងការងាររៀបចំកែលម្អឆ្នេរសមុទ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែ​នាំ​ថ្នាក់​ដឹក​នាំ​ក្រសួង​ត្រូវជ​ជែក​ពិ​ភា​ក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែ​​ន​ការ​ថ​វិ​កាកែ​​លម្អ​ឆ្នេ​រស​មុ​ទ្រ ​ប​ន្ទា​ប់ម​ក​ត្រូ​វពិ​ភា​ក្សាជា​មួ​យប​ណ្ដា​ឃុំនៅតាមតំបន់ឆ្នេរថា តើត្រូ​វរៀ​ប​ចំ​កែ​លំអរ​អ្វី​ខ្លះ​នៅ​តំ​ប​ន់​ឆ្នេ​រ​ដើ​ម្បី​​ឱ្យ​តំ​ប​ន់ឆ្នេ​​រកា​ន់​​តែមានសោភ័ណភាព មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរ​ជាតិ​អោយ​ចូ​ល​ម​ក​កំ​សា​ន្ត​កា​ន់តែច្រើន សំដៅទទួលបានប្រាក់ចំណូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋ ។ ជាមួយនេះ ត្រូវធ្វើរបាយការណ៍អំពីគម្រោងដែលម្ចាស់ក្បាលដី, អាជ្ញាធរឃុំតាមតំបន់ឆ្នេរនិងកោះ និង​ក្រុម​ហ៊ុ​នថ្ងៃបាំងឆត្រ គ្រោងនឹងធ្វើនោះយកមកដាក់ជូនក្រសួងពិនិត្យសិក្សាបន្ថែម មុននឹង​ចាប់​ផ្តើម​ដាក់​អោយ​អនុវត្ត​គំរោងទាំងនោះ ។

ដោយឡែក ទាក់ទិននឹងការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំ​ដល់​ថ្នាក់​​ដឹកនាំក្រសួង និងក្រុមការងារត្រូវធ្វើរបាយការណ៍ខ្លីដើម្បីឯកឧត្តមឧបនាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅសម្ដេច​ម​ហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចរួចទើបរៀប​ចំកិ​ច្ច​ប្រ​ជុំពិ​ភា​ក្សាជា​មួ​​យ​សមា​គ​ម​អ​តី​តយុទ្ធជនកម្ពុជាដើម្បីអនុវត្ត ៕