មណ្ឌលគីរី ៖ ក្រោយពេល​រាជរដ្ឋាភិបាលបាន​ប្រកាស​ដាក់ឱ្យអនុវត្ត​ជាផ្លូវការ​កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ​ក្នុងខេត្ត​ទាំងបួន នៅភូមិ​ភាគឦសាន​ កាលពីអំឡុងខែ​មេសា ឆ្នាំ​២០២៥កន្លងទៅនេះឃើញថា វិនិយោគិនទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ចាប់ផ្ដើម​សម្លឹង​ស្វែង​រក​ឱកាស​វិនិយោគនៅតំបន់​ទាំងនោះជា​បន្តបន្ទាប់ ដើម្បីទទួលបានការអនុគ្រោះ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ។​

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥នេះ ក្រុមការងារ​ជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានចុះពិនិត្យ​វាយតម្លៃ និ​ងស្វែងយល់​លម្អិតអំពីសំណើ​គម្រោ​ងវិនិយោគ​ចំនួន​ ៣ នៅខេត្ត​រតនគិរី ក្នុងវិស័យកសិកម្ម និង​កសិ-ឧស្សាហកម្ម​ ដែលបានស្នើ​សុំ​ការ​គាំទ្រពី​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ក្នុងខេត្ត​ទាំងបួន​នៅភូមិភាគឦសាន ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់​លេខាធិការ​ដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគក្នុង​ភូមិ​ភាគឦសានបានឱ្យដឹងថា គម្រោង​វិនិយោគ​ទាំង​៣ ដែលបានស្នើ​សុំ​ការ​គាំទ្រ​ពីរដ្ឋាភិបាល មានទីតាំង​ស្ថិតនៅក្នុងក្រុង​បានលុង និងស្រុកអូរយ៉ាដាវ ក្នុងនោះ ១. ស្ថិតភូមិ​ជ្រី សង្កាត់​យក្សឡោម ក្រុង​បានលុង ២. ស្ថិតនៅភូមិ សោមគល់ ឃុំ​សោមគល់​ ស្រុកអូរយ៉ាដាវ ​និង​មួយទៀត ស្ថិតនៅភូមិ​តេន ឃុំ​យ៉ាទុង ស្រុកយ៉ា​ដាវ ។

គួរ​រម្លឹកថា កាលពី​ដើម​ខែ​សីហា ២០២៥​ថ្មីៗនេះដែរ ក្រុមការ​ជំរុញការ​វិនិយោគ​ក្នុងភូមិភាគឦសាន ក៏បាន​បើក​កិច្ចប្រជុំ​លើកា​រផ្ដល់គោលការណ៍លើកទឹកចិត្ត​ពិសេស​ លើកទី១ ជូនគម្រោង​វិនិយោគចំនួន៥ ក្នុងភូមិ​ឦសាន​នេះ ដែលមានទុនវិនិយោគ​ប្រមាណ ២ ៨៥០​លានដុល្លារអាម៉េរិក ហើយរំពឹងថា​នឹងអាច​បង្កើត​ការងារ​ជូនពលរដ្ឋ​បានរហូតដល់ ៣៨ ៤០០កន្លែង ។​

យោងតាម​លេខាធិការដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគ​ក្នុងខេត្តទាំងបួន នៅភូមិភាគឦសានបានបញ្ជាក់​ថា​ គម្រោងទាំង ៥នេះ រួមមាន ការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេស​ច​រណ៍​ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និង សុខាភិបាល ផងដែរ ។

ក្នុងចំណោមនោះ ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនដែលធ្លាប់បានវិនិយោគជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសានរួចហើយ ប៉ុន្តែមានបំណងពង្រីកសកម្មភាពរបស់ខ្លួនក្នុងរូបភាពជាគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិ​​កម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និង ការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផល របស់ភូមិភាគឦសាន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ដើម្បីអភិវឌ្ឍភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មី ។ ក្នុងន័យនេះ ក្រុមការងារបានពិនិត្យពិភាក្សាយ៉ាងផុសផុល ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និងពិនិត្យលើគ្រប់ទិដ្ឋភាព ជាពិសេស អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ និងថែទាំវិនិយោគិនផង ទន្ទឹមនឹងកិច្ចការពារ និងបង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្តែងការត្រេកអរក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានអត្រាពន្ធបដិការ ១៩% តាមរយៈការចរចាជាមួយសហរដ្ឋអាមេរិក ដែលលទ្ធផលល្អប្រសើរនេះ បានផ្តល់ជាក្តីសង្ឃឹម សម្រាប់ការធានាបាននូវទំនុកចិត្ត និង បរិយា​កាស​វិនិ​យោគជាទូទៅរបស់កម្ពុជា ក៏ដូចជាការរក្សាភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់កម្ពុជា សម្រាប់ការជំរុញ​ការ​អ​ភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង មានបរិយាប័ន្ន ។