ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិរួមជាមួយប្រធានសភាពាណិជ្ជកម្មចិន-ម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការនៃសភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងម៉ាឡេស៊ី ដែលសេចក្តីប្រកាសនេះបញ្ជាក់កាន់តែច្បាស់អំពីបំណងប្រាថ្នារួមក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី និងជាចំណុចចាប់ផ្តើម នៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ រវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកដាតុ តូនី ឡយ (Tony Looi) ក្នុងអំឡុងពេលនៃពិធីជប់លៀងអាហារពេលល្ងាច ដែលមានការអញ្ជើញរួមពី ឯកឧត្តម សាហារូឌីន អន (Shaharuddin Onn) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិន-ម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងជំនាញ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ា បានបន្ថែមថា បច្ចុប្បន្នកម្ពុជាមិនមែនជាប្រទេសពឹងផ្អែកភាគច្រើនទៅលើការនាំចូលទំនិញពីក្រៅប្រទេសនោះទេ ដោយឧស្សាហកម្មកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័ស។ អ្នកឧកញ៉ា គិត ម៉េង បានចង្អុលបង្ហាញផ្នែកឯកជននៅកម្ពុជា ក៏មានវិស័យសំខាន់ៗជាច្រើន ដែលអាចធ្វើការសហការជាមួយអ្នកវិនិយោគដូចជា ការអភិវឌ្ឍវិអំពីវិស័យសំខាន់ៗមួយចំនួន ដែលមានសក្តានុពល រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍ ។អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាក់ស្ដែង នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។ ក្រុមហ៊ុនម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាល។
ផ្អែកតាមទិន្នន័យពាណិជ្ជកម្ម ដែលទទួលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ រំហូរពាណិជ្ជកម្មទំនិញរវាងកម្ពុជា ម៉ាឡេស៊ី មានទឹកប្រាក់សរុប៥៩៨,១៩ លានដុល្លារ កើនឡើង ១១,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំនួននេះ ទំនិញម៉ាឡេស៊ីនាំមកកម្ពុជា ចំនួន៥១៩,៣២ លានដុល្លារ កើន ១២,៧% និងទំនិញកម្ពុជានាំទៅម៉ាឡេស៊ី ៧៨,៨៨ លានដុល្លារ កើន ២,៤%។


