ក្រចេះ ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានសាខាវិនិយោគចំនួន ២៥៦កន្លែងនៅក្នុងប្រទេស១៤០ បានបង្ហាញពីគម្រោងវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា លើការសាងសង់កំពង់ផែពហុបំណងជាប់ទន្លេមេគង្គ ស្ថិតក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាមួយនឹងដើមទុនចំនួន ៣៥លានដុល្លារអាម៉េរិក ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានកាលពីចុងសប្ដាហ៍មុននេះបានឱ្យដឹងថា ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ីនដាស្ទ្រី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន China Energy Engineering Group ( CEEC ) បានបបង្ហាញពីគម្រោងវិនិយោគនៅក្នុងខេត្តក្រចេះ ស្ថិតក្នុងស្រុកព្រែកប្រសព្វ ដោយនឹងសាងសង់កំពង់ផែពហុបំណង ជាមួយដើមទុនវិនិយោគប្រមាណ ៣៥ លានដុល្លារ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់បម្រើដល់ការវិនិយោគ និងការដឹកជញ្ជូនកសិផល ។
សូមបញ្ជាក់ថា ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) នេះ មានទីស្នាក់ការកណ្ដាលនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ គិតត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុន CEEC មានសាខាសរុបចំនួន ២៥៦ កន្លែង ក្នុងប្រទេសចំនួន ១៤០ និងមានជំនាញវិនិយោគលើឧស្សាហកម្មថាមពល និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក មានទ្រព្យសកម្មចុះបញ្ជីប្រមាណ ១ ទ្រីលានលានដុល្លារអាម៉េរិក ហើយមានបុគ្គលិកបម្រើការ ១៤ ម៉ឺននាក់ និងបានជាប់ក្នុងបញ្ជី Fortune Global 500 ចំនួន ១០ ឆ្នាំជាប់គ្នា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនប្រតិភូ អំពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដែលមានគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព តាមរយៈការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ នៅខេត្តភូមិភាគឦសានទាំង ៤ នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបានបញ្ជាក់ថា ៖
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី »។
តាមរយៈនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។
ផែនការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានគម្រោងក្នុងការទាក់ទាញការវិនិយោគបង្កើតកំពង់ផែតាមដងទន្លមេគង្គ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់កសិករ ក៏ដូចជាដឹកភ្ញៀវទេសចរកម្សាន្តតាមផ្លូវទឹកផងដែរ ។ ស្របជាមួយគ្នានេះដែរ គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីផ្លូវទឹកសាបទៅផ្លូវទឹកសមុទ្រ ក៏នឹងចាប់ផ្ដើមជីកនាពេលឆាប់ៗនេះ ដោយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ២០២៨ ។ គម្រោងនេះដែរ ក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវ កាត់បន្ថយថ្លៃដើមនៃការដឹកដឹកជញ្ជូនក្នុងប្រទេសកម្ពុជាបានមួយកម្រិតមួយផងដែរ ។


