ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់យក​តំបន់​ឆ្នេរសមុទ្រ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ និង​ជា​គោលដៅអភិវឌ្ឍន៍​ ដោយ​បានដាក់ផែនការ​មេ​អភិវឌ្ឍន៍ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​​ឱ្យក្លាយជា​ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី ក្នុងការទាក់ទាញគម្រោង​វិនិយោគធំៗ ដូច្នេះ នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំខាងមុខ ខេត្តទាំង៤​ រួមមានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង នឹងកាន់តែរីកចម្រើនខ្លាំង។ យោងតាមផែនការមេ​របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់​ចក្ខុវិស័យ​រយៈពេល​១៥ឆ្នាំ ធ្វើ​ឱ្យខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្ត​កែប ក្លាយ​ទៅជា​តំបន់​ប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់ ទាក់ទាញការ​វិនិយោគធំៗដែលមានប្រភពទុនទាំងក្នុង និងមកពីក្រៅប្រទេសទៅលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម កម្មន្តសាល និងថាមពល​បៃតង ខណៈបច្ចុប្បន្ន​នេះ ខេត្តទាំង៤ក៏កំពុងប្រែក្លាយទៅជា​ប៉ូល​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​បណ្ដើរៗ។​ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​ក៏បានដាក់​ចេញនូវកម្ម​វិធីពិសេសជំរុញការ​វិនិយោគខេត្តព្រះសីហនុ ដោយបាន​លើកទឹក​ចិត្តពិសេស​ដល់​បណ្ដាវិនិយោគិន​នានាចូលមកកាន់ខេត្តមួយនេះ។ ជាការ​កត់សម្គាល់ ក្នុងរយៈពេលជាង​២ឆ្នាំកន្លងមកនេះ តាមរយៈកម្មវិធីពិសេសជំរុញការ​វិនិយោគ ខេត្តព្រះសីហនុ បានទាក់ទាញ គម្រោងវិនិយោគ ជាច្រើន​ដែលធ្វើឱ្យសកម្មភាពវិនិយោគក្នុង​ខេត្តព្រះសីហនុមានភាពរស់​រវើក​ឡើង​វិញ​ ។​

ឯកឧត្តម ​ជា កុកហុង អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​គោល​នយោបាយនៃក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ ​​និងជា​ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ​ តែងតែបំពេញ​បេសកកម្ម​ក្រៅប្រទេស​ដើម្បីផ្សព្វផ្សាយពីសក្ដានុពលវិនិយោគ​នៅតំបន់ឆ្នេរ​ដល់បណ្ដាវិនិយោគិនក្រៅប្រទេស ហើយជាលទ្ធផល​ក៏ឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែ​ខេត្តព្រះសីហនុ ដែល​ជា​ខេត្ត​មានសក្ដានុពលខ្ពស់ជាង​គេ​នោះទេ តែខេត្តផ្សេងទៀត ដូចជា​ កំពត និងកោះកុង​​ និងខេត្តកែប ក៏​ទទួលបានការ​ចាប់អារម្មណ៍ និង​បណ្ដាក់ទុនវិនិយោគ​ជា​បន្ត​បន្ទាប់ដែរ ៕