ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកតំបន់ឆ្នេរសមុទ្រជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅអភិវឌ្ឍន៍ ដោយបានដាក់ផែនការមេអភិវឌ្ឍន៍ខេត្តជាប់សមុទ្រទាំង៤ឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី ក្នុងការទាក់ទាញគម្រោងវិនិយោគធំៗ ដូច្នេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខេត្តទាំង៤ រួមមានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង នឹងកាន់តែរីកចម្រើនខ្លាំង។ យោងតាមផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យរយៈពេល១៥ឆ្នាំ ធ្វើឱ្យខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ក្លាយទៅជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ទាក់ទាញការវិនិយោគធំៗដែលមានប្រភពទុនទាំងក្នុង និងមកពីក្រៅប្រទេសទៅលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម កម្មន្តសាល និងថាមពលបៃតង ខណៈបច្ចុប្បន្ននេះ ខេត្តទាំង៤ក៏កំពុងប្រែក្លាយទៅជាប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចបណ្ដើរៗ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយបានលើកទឹកចិត្តពិសេសដល់បណ្ដាវិនិយោគិននានាចូលមកកាន់ខេត្តមួយនេះ។ ជាការកត់សម្គាល់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ បានទាក់ទាញ គម្រោងវិនិយោគ ជាច្រើនដែលធ្វើឱ្យសកម្មភាពវិនិយោគក្នុងខេត្តព្រះសីហនុមានភាពរស់រវើកឡើងវិញ ។
ឯកឧត្តម ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ តែងតែបំពេញបេសកកម្មក្រៅប្រទេសដើម្បីផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅតំបន់ឆ្នេរដល់បណ្ដាវិនិយោគិនក្រៅប្រទេស ហើយជាលទ្ធផលក៏ឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែខេត្តព្រះសីហនុ ដែលជាខេត្តមានសក្ដានុពលខ្ពស់ជាងគេនោះទេ តែខេត្តផ្សេងទៀត ដូចជា កំពត និងកោះកុង និងខេត្តកែប ក៏ទទួលបានការចាប់អារម្មណ៍ និងបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ដែរ ៕