ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបាឡេ ប្រវែង៣០ម៉ែត្រ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងលោកជំទាវ រួមជាមួយ ឯកឧត្តមប្រធានជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ និងសប្បុរសជនទាំងអស់ បានចូលរួមពិធី សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ស្ពានបេឡេ ប្រវែង ៣០ម៉ែត្រ តភ្ជាប់ភូមិតាកយ និងភូមិតាមល់ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកប្រធានគណៈកម្មាធិការគណបក្សស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ អចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សមូលដ្ឋានឃុំ និងក្រុមការងារស្រុកចុះជួយឃុំ ។
គួររំលឹកផងដែរថា៖ គម្រោងសាងសង់ស្ពានឆ្លងព្រែក តភ្ជាប់ភូមិតាមល់ និងភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានតម្លៃ ៩៥,០០០ដុល្លារ មានទំហំទទឹង៦ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងអាចទ្រទម្ងន់បាន៦០តោន ត្រូវបានប្រារព្វពិធីសម្ពោធបើកការដ្ឋានបុកគ្រឹះសាងសង់ហើយនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រោមការអធិបតីភាពរបស់ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះធម្មធរគណខេត្ត, ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា, លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ អ៊ាត ណារី និងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។