ចំណុចសំខាន់ចំនួន៤ អាចប៉ះពាល់ដល់តម្លៃ និងជះឥទ្ធិពលដល់ការលក់អចលនវត្ថុរបស់អ្នក
ភ្នំពេញ ៖ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាបជាងទីផ្សារផងដែរ។ ជាក់ស្ដែង កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ចំនួននៃការប្រកាសលក់អចលនវត្ថុ មានចំនួនកើនឡើងខ្លាំងជាងធម្មតាធៀបទៅនឹងអត្រាដែលមានជារៀងរាល់ឆ្នាំ ប៉ុន្តែមិនអាចនិយាយបានទេថា ការប្រកាសលក់ទាំងអស់នោះសុទ្ធតែអាចលក់ចេញ និងទទួលបានតម្លៃដូចការគ្រោងទុកនោះទេ។
តាមរយៈការកត់ត្រានៅក្នុងតម្រាទិញ-លក់អចលនទ្រព្យមានប្រសិទ្ធភាពខ្ពស់ បានបញ្ជាក់ថា ការលក់អចលនវត្ថុដែលអាចទទួលបានតម្លៃថ្លៃលើទីផ្សារ ឬទាបជាងទីផ្សារ គឺអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន៤ ដែលម្ចាស់អចលនវត្ថុប្រកាសលក់ត្រូវស្វែងយល់ឲ្យបានច្បាស់។ ចំណុចសំខាន់ទាំង៤នោះរួមមានដូចជា ៖
១.អាយុកាល ៖ រូបរាងពណ៌សម្បុរនៃតួរអគាររបស់អ្នកប្រៀបដូចពេលដែលអ្នកទៅជួបមនុស្សថ្មីជាលើកដំបូង ដែលគួរចាប់អារម្មណ៍ ឬគ្មានការចាប់អារម្មណ៍ ( Frist Impression) ដូចនេះ វាមានសារៈសំខាន់ណាស់ក្នុងការចរចាតម្លៃ។ កញ្ចក់ទ្វារប្រេះស្រាំ បង្អួចចាស់ ជញ្ជាំងផ្ទះមានស្នាមស្លែជាដើម វានឹងអាចប្រាប់ពីអាយុកាលរបស់អគារអ្នកទៅកាន់អតិថិជនជាក់ជាមិនខាន។
២.ការជួសជុល និងរចនាឡើងវិញ ៖ ការឌីសាញ ឬរចនាផ្នែកខាងក្នុងនៃអគារ ក៏ជាកូនសោរមួយដ៏សំខាន់ផងដែរ ដែលម្ចាស់សំណង់ ឬម្ចាស់អគារគួរតែពិចារណា ពីព្រោះថាវាអាចបញ្ជាក់ពីបរិយាកាសដែលមានតម្លៃសម្រាប់អ្នករស់នៅ ដូចនេះច្បាស់ណាស់វានឹងជះឥទ្ធិពលខ្លាំងដូចគ្នាជាមិនខានសម្រាប់ការផ្តល់នូវទំហំនៃតម្លៃចរចា។
៣.កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់ ៖ តើអចលនវត្ថុរបស់អ្នកត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនណា និងអ្នកម៉ៅការណាមួយ។ កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់ ក៏ជាកម្រិតនៃទំនុកចិត្តរបស់ពួកគេដែលវានឹងមានឥទ្ធិពលមកលើតម្លៃអចលនវត្ថុរបស់អ្នកមានផលប៉ះពាល់ដូចគ្នា។
៤.ទីតាំង ៖ បញ្ហាទាំង៣ចំណុចខាងលើនេះ ទោះជាបានប៉ះពាល់តិច ឬច្រើនក្តីទៅលើតម្លៃអចលនវត្ថុរបស់អ្នក ប៉ុន្តែបើទីតាំងរបស់អ្នកនៅតែមិនទាន់មានមនុស្សមករស់នៅច្រើន ឬមានសកម្មភាពពាណិជ្ជកម្មច្រើនទេនោះ ប្រាកដណាស់ថាតម្លៃរបស់វាក៏នឹងមិនងាយលក់ចេញបានខ្ពស់ដូចការគ្រោងទុករបស់អ្នកនោះដែរ៕