ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត ណារី នួនរិទ្ធី បានអញ្ជើញអមដំណើរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩០អង្គ ថ្វាយព្រះពរសិរីមង្គល ក្នុងព្រះវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍមង្គល សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៩ យាងចូល៩០ព្រះវស្សា។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា នៅថ្ងៃ ពុធ ទី ១៨ ខែ មិថុនា ឆ្នាំ២០២៥ ខាងមុខ ។ ពិធីនេះបានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ នាឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាននូវស្នាព្រះហស្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអង្គម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអង្គម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។





