ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២៥ និងការកំណត់នូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។

មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបានជោគជ័យខ្ពស់លើសពីការរំពឹងទុក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតប្រចាំកម្ពុជា ឧកញ៉ា លោក លោកស្រី ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស និងសមាជិក-សមាជិកា ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ ជាច្រើនរូប ផងដែរ។

ថ្លែងក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មក្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងថា៖ ការជួបជុំគ្នាពេលនេះ ជាការរំលឹកថា កម្លាំងពិតប្រាកដរបស់សភាពាណិជ្ជកម្មកម្ពុជា គឺស្ថិតនៅលើវិសាលភាពនៃឥទ្ធិពល។ សភាពាណិជ្ជកម្មមិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាតំណាងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ និងជាមុខមាត់នៃសក្តានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ ។

អ្នកឧកញ៉ាមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា «ដៃគូ» របស់រាជរដ្ឋាភិបាល។ តាមច្បាប់ស្តីពីសភាពាណិជ្ជកម្ម សភាពាណិជ្ជកម្មមានបេសកកម្ម ចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ការរួមចំណែកដ៏សំខាន់បំផុត របស់សភាពាណិជ្ជកម្មកម្ពុជាចំពោះវិស័យឯកជន គឺការទទួលបានឱកាសចូលជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត។ តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ យើងបានពង្រឹងកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានពិតប្រាកដ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ក៏បានអញ្ជើញទទួលស្វាគមន៍ដៅយក្តីរីករាយ និងស្នាមញញឹម​ សម្រាប់ដំណើរអញ្ជើញដល់របសលោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រសប់សភាពាណិជ្ជកម្មកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញភារកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការល្អ រហូតសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។ លោកជំទាវរដ្ឋមន្រ្តី បានបន្តថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក ជាពិសេសការបន្តចរចាបើកទីផ្សារ សក្តានុពលថ្មីៗទាំងទ្វេភាគីនិងពហុភាគី។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល ឈរលើអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនិងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចនានា ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើនក្នុងឆ្នាំ២០២៥ កន្លងទៅ មានជាអាទិ៍ ការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ននិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំទ្បើងកម្រិត ការបន្តពិនិត្យដោះស្រាយក្តីកង្វល់ និងសំណូមពរនានារបស់វិស័យឯកជន តាមរយៈកិច្ចសន្ទនាភាពជាដៃគូរដ្ឋនិងវិស័យឯកជន ការបន្តធ្វើទំនើបកម្មនិងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ និងការបន្តពិពិធកម្មនិងលើកកម្ពស់គុណភាពនិងកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈកិច្ចការពារកម្មសិទ្ធិបញ្ញា ជាដើម។

 

អត្ថបទ/រូបដោយក្រុមការងារ ខ្មែរហ្វោនដេសិនអឹព្រេហ្សល