គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងរៀបចំបើកការដ្ឋានសាងសង់ កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកបូរីជលសារ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។

គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នេះមានប្រវែង ១៥១.៦ គីឡូម៉ែត្រ សាងសង់ដោយ ក្រុមហ៊ុន ឆាយណា រ៉ូជ អេន ប្រ៊ីដ ខបភឺរេសិន China Road and Bridge Corporation (CRBC) ដែលមានក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាម្ចាស់គម្រោង។

គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។ ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹក​ក្នុងប្រទេស​ទៅសមុទ្រ​ជាតិ និងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្ម​ប្រកប​ដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានា​ដែលជាដៃ​គូពា​ណិជ្ជ​កម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា៕

 

អត្ថបទ/រូបភាពសម្រួលដោយ ក្រុមការងារខេអេហ្វអេ (KFA)